2 Timothy 1

1ខ្ញុំប៉ូល​ជា​សាវក​របស់​ព្រះ​គ្រិស្ដយេស៊ូតាមបំណង​របស់​ព្រះជាម្ចាស់ស្របទៅតាម​សេចក្ដី​សន្យា​ឲ្យបាន​ជីវិតនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ 2ជូនចំពោះ​ធីម៉ូថេ​ជា​កូនជាទីស្រលាញ់។ ​សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតានិង​ព្រះ​គ្រិស្ដយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​​ប្រទាន​​​ព្រះគុណ​សេចក្ដី​​មេត្តា​ករុណា​និង​​សេចក្ដី​សុខសាន្ត​​ដល់​អ្នក​។ 3ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែល​ខ្ញុំ​បម្រើដោយមនសិការបរិសុទ្ធដូចជា​ពួក​បុព្វបុរស​របស់​ខ្ញុំ​ដែរ​ខ្ញុំ​តែងតែ​នឹកចាំពីអ្នកជានិច្ចនៅក្នុង​សេចក្ដី​អធិស្ឋានរបស់ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ 4គឺនឹកចាំ​ពី​ទឹកភ្នែក​របស់​អ្នក​ហើយ​ចង់ជួបអ្នក​ខ្លាំង​ណាស់ដើម្បី​ឲ្យ​ខ្ញុំ​ពេញ​ដោយ​អំណរ 5ខ្ញុំនឹកចាំ​ពី​ជំនឿ​ដ៏​ឥតពុតត្បុត​ដែល​មាននៅក្នុងអ្នកដែលមុនដំបូង​ជំនឿ​នោះ​ស្ថិតនៅក្នុងឡូអ៊ីស​ជា​ជីដូន​របស់​អ្នកបន្ទាប់មកនៅក្នុងអ៊ើនីស​ជា​ម្ដាយ​របស់​អ្នកហើយ​ខ្ញុំ​ជឿជាក់ថា​ជំនឿ​នោះ​ក៏នៅក្នុងអ្នកដែរ 6ហេតុនេះ​ហើយ​ខ្ញុំ​រំឮកអ្នកថា​ចូរ​ធ្វើ​ឲ្យ​អំណោយទាន​របស់​ព្រះជាម្ចាស់ដែលមាននៅក្នុងអ្នកតាមរយៈ​ការ​ដាក់ដៃ​របស់​ខ្ញុំឲ្យមានសកម្មភាព​ឡើង​វិញ​។ 7ដ្បិតព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​ភ័យខ្លាចទេផ្ទុយទៅវិញ​ជា​វិញ្ញាណ​ដែល​មាន​កម្លាំង​សេចក្ដី​ស្រលាញ់និងគំនិត​នឹង​ធឹង 8ដូច្នេះមិន​ត្រូវ​ខ្មាស់​ដោយសារ​ទីបន្ទាល់អំពីព្រះអម្ចាស់​របស់​យើង​ដោយសារ​ខ្ញុំជាអ្នកទោស​ដោយព្រោះ​ព្រះអង្គ​នោះ​ឡើយផ្ទុយទៅវិញ​ចូរ​រួម​ទុក្ខ​លំបាក​ជាមួយ​ខ្ញុំ​សម្រាប់ដំណឹងល្អដោយអំណាច​របស់​ព្រះជាម្ចាស់ 9ដែលព្រះអង្គបានសង្គ្រោះយើងហើយ​បាន​ត្រាស់​ហៅ​យើង​ដោយ​ការ​ត្រាស់ហៅ​ដ៏​បរិសុទ្ធមិនមែនដោយ​ការ​ប្រព្រឹត្ត​របស់​យើងទេគឺដោយគោលបំណងនិង​ព្រះ​គុណ​របស់​ព្រះអង្គដែល​បាន​ប្រទាន​ឲ្យ​យើងក្នុង​ព្រះ​គ្រិស្ដយេស៊ូតាំងពីមុន​អស់កល្ប​ជានិច្ច​ម៉្លេះ 10ហើយឥឡូវនេះ​ព្រះគុណ​នោះ​បាន​បង្ហាញឲ្យឃើញតាមរយៈការយាងមក​របស់​ព្រះ​គ្រិស្ដយេស៊ូជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ដែល​បាន​បំផ្លាញសេចក្ដីស្លាប់​ហើយ​បាន​បំភ្លឺ​អំពី​ជីវិតនិង​សេចក្ដី​ដែល​មិនចេះស្លាប់តាមរយៈដំណឹងល្អ 11ហើយសម្រាប់​ដំណឹងល្អ​នេះ​ព្រះអង្គ​បានតែងតាំងខ្ញុំ​ជា​អ្នកប្រកាសជាសាវកហើយ​ជា​គ្រូផង 12ហេតុនេះហើយ​បានជា​ខ្ញុំ​រងទុក្ខលំបាកទាំងអស់នេះប៉ុន្តែខ្ញុំមិនខ្មាស់ឡើយដ្បិតខ្ញុំស្គាល់​ព្រះ​ដែល​ខ្ញុំ​ជឿហើយ​ខ្ញុំ​ជឿជាក់ថា​ព្រះអង្គ​អាចរក្សា​អ្វីៗ​ដែល​ព្រះអង្គ​ផ្ញើទុក​នឹង​ខ្ញុំបានរហូតដល់ថ្ងៃនោះ 13ចូរកាន់តាមពាក្យត្រឹមត្រូវទាំងឡាយដែល​អ្នក​បាន​ពីខ្ញុំ​ទុក​ជា​គំរូដោយជំនឿនិង​សេចក្ដី​ស្រលាញ់ដែល​មាន​នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូចុះ 14ចំពោះសេចក្ដី​ល្អ​ដែល​បាន​ផ្ញើទុក​នឹង​អ្នក​ចូរ​រក្សាដោយ​ព្រះ​វិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង 15អ្នកដឹង​ការ​នេះស្រាប់ថា​ពួក​អ្នកដែលនៅ​ស្រុក​អាស៊ីទាំងអស់​បាន​បែរចេញ​ពី​ខ្ញុំហើយ​ក្នុង​ចំណោម​ពួកគេមាន​លោក​ភីកេឡុសនិង​លោក​ហ៊ើម៉ូនគេន 16សូមព្រះអម្ចាស់ប្រទាន​សេចក្ដី​មេត្តាករុណា​ដល់​ក្រុម​គ្រួសាររបស់​លោក​អូនេស៊ិភ័រដ្បិត​គាត់​ធ្វើ​ឲ្យ​ខ្ញុំធូរស្រាល​ជា​ញឹកញាប់ហើយ​ក៏​មិនខ្មាស់ដោយសារចំណងរបស់ខ្ញុំ​ដែរ 17សូម្បីតែ​នៅពេល​គាត់​មក​ក្រុង​រ៉ូម​គាត់​បាន​ព្យាយាម​ស្វែង​រកខ្ញុំ​រហូត​ទាល់តែ​បាន​ជួប 18សូមព្រះអម្ចាស់ប្រទាន​ឲ្យ​គាត់ទទួលបាន​សេចក្ដី​មេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះហើយកាលនៅ​ក្រុង​អេភេសូរអ្នក​ក៏​ដឹងច្បាស់​ជាង​គេ​ដែរ​ថា​គាត់​បាន​បម្រើច្រើន​យ៉ាង​ណា
Copyright information for KhmKCB